មេទ័ពភូមិភាគ២របស់ថៃលោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បាននិយាយថា ភាគីថៃនឹងអាចបញ្ឈប់ការជជែកគ្នាជាមួយភាគីកម្ពុជាដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២២ ខែកញ្ញា។
មេទ័ពថៃប្រចាំភូមិភាគរូបនេះ បានព្រមាននេះ ដោយសារលោកបន្តចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្ហោះដ្រូនចូលទឹកដីថៃ និងបន្តដាក់មីនថ្មីជាដើម ខណៈការចោទប្រកាន់ទាំងនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជា ចេញបដិសេធជាបន្តបន្ទាប់ និងអះអាងថា ជាការផ្សាយព័ត៌មានមិនពិត ដើម្បីធ្វើជាលេសប្រើកម្លាំងយោធាឈ្លានពានទឹកដីកម្ពុជាជាថ្មី។
ការលើកឡើងពីមេទ័ពភូមិភាគ២របស់ថៃបានកើតឡើង ស្របពេលកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងចាប់ផ្ដើមក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាជុំវិញផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្ដែង និងជាជំហានៗ ហើយស្ថិតក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន ក្នុងការសម្រេចកែសម្រួលយុទ្ធោបករណ៍ និងសម្ភារៈយោធា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែន។ ការប្រជុំដើម្បីកែសម្រួលកងទ័ពឬសព្វាវុធធន់ធ្ងន់នៅតាមព្រំដែននេះ ធ្វើឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញានៅក្នុងខេត្តកោះកុង។
ទន្ទឹមការព្រមានពីមេភូមិភាគ២របស់ថៃ នៅថ្ងៃទី ២៣ ខែកញ្ញា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា កម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។
អ្នកស្រីក៏បានបដិសេធចំពោះការលើកឡើងរបស់កងទ័ពថៃនិងសារព័ត៌មានថៃដែលបានចុះផ្សាយថាកងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច៣ទៅ៥គ្រាប់ចូលទឹកដីថៃដើម្បីញុះញង់នៅតំបន់តាមបណ្តោយព្រំដែនក្រោយពីមានសេចក្ដីរាយការណ៍ថាគេបានលឺសំឡេងគ្រាប់កាំភ្លើងផ្ទុះឡើងនៅជិតភ្នំខ្មោច។អ្នកស្រីម៉ាលី សុជាតាបានបញ្ជាក់ថាកងកម្លាំងកម្ពុជាបានរៀលកៃផ្ទុះអាវុធទៅលើមេឃប៉ុណ្ណោះមិនបានបាញ់ចូលទៅក្នុងទឹកដីថៃហើយត្រូវបានដោះស្រាយជាមួយភាគីថៃរួចហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។